Skip to content
ចុះឈ្មោះ

ប្ដូររបៀបគិតជីវិតផ្លាស់ប្ដូរ! មនុស្សដែលមានផ្នត់គំនិត៥នេះ អាចរស់នៅដោយរីករាយ និងអាចសម្រេចគ្រប់កិច្ចការ

មនុស្សយើងកើតមកមានជីវិត មានពេលវេលា២៤ម៉ោងដូចគ្នា ប៉ុន្ដែរឿងដែលខុសគ្នានោះ គឺមនុស្សម្នាក់ៗមានរបៀបគិត និងរបៀបធ្វើ (ទម្លាប់) ខុសៗគ្នា។ ផ្នត់គំនិតរបស់បុគ្គលម្នាក់ៗ បានរុញច្រានពួកគេឱ្យទទួលបានលទ្ធផលជីវិតខុសៗគ្នា។ មានពេល២៤ម៉ោង ដៃពីរជើងពីរ ខួរក្បាលមួយដូចគ្នា ប៉ុន្ដែអ្នកខ្លះរស់នៅមានក្ដីសុខ និងមានទ្រព្យសម្បត្តិហូរហៀរ ខណៈអ្នកខ្លះរស់នៅយ៉ាងក្រលំបាកតោកយ៉ាកវេទនានៅក្នុងជីវិត។

ហេតុដូច្នេះហើយផ្នត់គំនិត និងទម្លាប់ គឺពិតជាមានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតរបស់បុគ្គលគ្រប់ៗរូប ពោលគឺប្រសិនបើគេមានផ្នត់គំនិតរីកចម្រើន នោះជីវិតរបស់គេក៏នឹងរីកចម្រើនដូចគ្នា ប៉ុន្ដែប្រសិនបើគេមានផ្នត់គំនិតមិនរីកចម្រើននោះជីវិតរបស់ពួកគេនឹងដើរថយក្រោយ។

ខាងក្រោមនេះ ជាផ្នត់គំនិតរីកចម្រើនទាំង៥ របស់ ឯកឧត្ដម ហុង សុខហួរ នាយកប្រតិបត្តនៃផ្សារមូលបត្រកម្ពុជា (CSX) ដែលអាចជួយឱ្យបុគ្គលគ្រប់រូបអាចរស់នៅបានប្រកបដោយសេចក្ដីរីករាយ មានភាពរីកចម្រើនក្នុងជីវិត និងអាចសម្រេចគ្រប់កិច្ចការទាំងអស់ ទោះការងារតូចឬធំក្ដី។

១. ធ្វើការងារអ្វីក៏ដោយ កាំចាំថ្ងៃស្អែក៖

ឯកឧត្តម ហុង សុខហួរបានមានប្រសាសន៍ នៅក្នុងវីដេអូសម្ភាសន៍ជាមួយនឹងពិធីការិនីគឺ លោកស្រីនុតក្លារ៉ា នៅក្នុងកម្មវិធីមរតគំនិត របស់សារព័ត៌មាន AMS យ៉ាងដូច្នេះថា «ធ្វើអីក៏ដោយកុំរង់ចាំថ្ងៃស្អែក» ជាទូទៅប្រសិនបើគេដាក់ការងារឱ្យធ្វើមួយសប្ដាហ៍ មនុស្សភាគច្រើនចូលចិត្តពន្យាពេលហើយរង់ចាំដល់ថ្ងៃទី៤ ឬទី៥ ទើបចាប់ផ្ដើមធ្វើ។ ប៉ុន្ដែនេះគឺជាទម្លាប់បរាជ័យ រឿងដែលអ្នកត្រូវកែប្រែគឺត្រូវខំប្រឹងធ្វើពីថ្ងៃទី១ ទៅ ប្រសិនបើវាហើយនៅថ្ងៃទី៣ ទី៤ សុំយកពេលសល់ទៅសម្រាក ប្រសើរជាងសម្រាកថ្ងៃទី១ ទី២ ទី៣ ហើយចប់ផ្ដើមធ្វើនៅថ្ងៃទី៤ ហើយក្នុងកាលទេសខ្លះការងារលំបាក ត្រូវកែប្រែ ឬមានឧបសគ្គផ្សេងៗ ចូលមកដល់ យើងអស់ពេលក្នុងការកែប្រែ ដែលធ្វើឱ្យការងារនោះបរាជ័យ ឬទទួលបានលទ្ធផលមិនល្អនោះទេ។ ហេតុដូច្នេះហើយ ធ្វើអ្វីក៏ដោយ កុំរង់ចាំថ្ងៃស្អែក ត្រូវប្រឹងធ្វើថ្ងៃនេះឱ្យហើយ ធ្វើឱ្យហើយមុន បើសល់ថ្ងៃចាំសម្រាក កុំសម្រាកហើយសម្រុកធ្វើនៅនាទីចុងក្រោយ។

២.មានចិត្តគំនិត និងឥរិយាបថវិជ្ជមាន៖

ត្រង់ចំណុចនេះឯកឧត្តម បានបង្រៀនឱ្យយើងចេះរក្សាផ្នត់គំនិតវិជ្ជមាន តាមរយៈការសំឡឹងមើលជ្រុងវិជ្ជមាននៃគ្រប់រឿងរ៉ាវនៃបង្ហាទាំងអស់ដែលកើតមានឡើងនៅក្នុងជីវិតរបស់យើង។ ឯកឧត្តម បានលើកឡើងយើងមានជម្រើស មិនថាតែពេលជួបរឿងល្អឬអាក្រក់ក៏ដោយ ឧទាហរណ៍ជាក់ស្ដែង មេដំឡើងតំណែងឱ្យ បើយើងមើលពីជ្រុងវិជ្ជមាន យើងបានតំណែកថ្មី ឡើងប្រាក់ខែ បានរៀនការងារថ្មីៗ មានឱកាសរីកចម្រើនជាងមុន ប៉ុន្ដែបើយើងជាមនុស្សចូលចិត្តគិតពីជ្រុងអវិជ្ជមាន យើងអាចនឹងមើលចេញ ការងារថែមច្រើន និងឡើងប្រាក់ខែបានតិចជាដើម។ ដោយឡែក នៅពេលជួបបញ្ហា ប្រសិនបើយើងមើលតែពីជ្រុងវិជ្ជមានយើងនឹងឃើញគ្រប់យ៉ាងថា សុទ្ធតែជាបញ្ហាជារនាំមិនឱ្យយើងទៅមុខ ប៉ុន្ដែប្រសិនបើយើងមើលពីជ្រុងវិជ្ជមាន នោះយើងនឹងមើលឃើញថា វាជាឱកាសក្នុងការរៀនសូត្រ ដែលធ្វើឱ្យយើងដឹងពីបញ្ហាថ្មី និងរឹងមាំជាងមុន។ និយាយរួម ការមានចិត្តគំនិត និងឥរិយាបថវិជ្ជមានក្នុងទីនេះ ឯកឧត្តម ហុង សុខហួរ បង្រៀនឱ្យយើងចេះមើលគ្រប់រឿងរ៉ាវ និងបញ្ហាទាំងអស់ពីខាងជ្រុងវិជ្ជមាន នោះយើងនឹងមើលឃើញឱកាសជាច្រើន ដែលយើងអាចការរៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនឯងបាន។ បន្ថែមពីនេះទៀត អ្នកនឹងលែងកើតទុក ពុលជាមួយគំនិតអវិជ្ជមានទៀតហើយ។

៣.មានភាពជាម្ចាស់ការកុំចាំគេដឹកមុខ៖

ឯកឧត្តម បានលើកឡើងថា នៅក្នុងជីវិតរស់នៅ គឺដាច់ខាតត្រូវតែមានភាពជាម្ចាស់ការលើខ្លួនឯង ពោលគឺត្រូវមានគំនិតផ្ដួចផ្ដើមធ្វើកិច្ចការងារផ្សេងៗ កុំចាំទាល់តែគេប្រាប់ គេដឹកថាទៅណាគ្រប់ពេល ទើបទៅមុខ ប៉ុន្ដែត្រូវមានគំនិតផ្ដួចផ្ដើម និងក្លាហាន ហ៊ានគិត ហ៊ានធ្វើ ហ៊ានដើរទៅមុខដោយខ្លួនឯង។

៤.ខ្ញុំមិនអាចចាញ់៖

ត្រូវប្រាប់ខ្លួនឯងថា ខ្ញុំអាចធ្វើបាន បើធ្វើមិនទាន់បានមានន័យថា មធ្យោបាយនោះមិនទាន់ត្រូវ ឬរកមធ្យោបាយល្អមិនទាន់ឃើញ មិនមែនមានន័យថាធ្វើមិនបាននោះទេ។ ហេតុនេះត្រូវសុំពេលរកមធ្យោបាយយុទ្ធសាស្រ្ដថ្មី។

៥.ធ្វើអ្វីមួយធ្វើឱ្យអស់ពីលទ្ធភាព១០០% ៖

ធ្វើអ្វីមួយត្រូវតាំងចិត្តធ្វើឱ្យល្អ និងឱ្យអស់ពីសមត្ថភាព១០០% តាំងចិត្តធ្វើកុំស្ដាយកម្លាំងកាយ កុំស្ដាយកម្លាំងចិត្ត កុំស្ដាយការប្ដេជ្ញា តែត្រូវធ្វើឱ្យអស់ពីសមត្ថភាព។ បើអាចធ្វើចំណុចនេះបាន រឿងអ្វីក៏អ្នកអាចទៅរួចដែរ។

ធ្វើអ្វីក៏ដោយត្រូវធ្វើឱ្យអស់ពីចិត្ត បើធ្វើការប្រឹងធ្វើឱ្យលើសប្រាក់ខែ បើរកស៊ីប្រឹងបង្កើតផលិតផល និងផ្ដល់សេវាកម្មឱ្យល្អ លើសពីលុយដែលនឹងទទួលបាន។ មនុស្សភាគច្រើនខុសធ្ងន់ត្រង់ទាល់តែបានសិន ទើបផ្ដល់ឱ្យ ទាល់តែមេឡើងតំណែង ឡើងប្រាក់ខែសិនទើបប្រឹង នេះជាកំហុសធំខ្លាំងណាស់ក្នុងជិវិត ដែលធ្វើឱ្យអ្នកមិនរីកចម្រើនទៅមុខ។ តែត្រូវប្ដូរមកមានផ្នត់គំនិតផ្ដល់ឱ្យមុន ទើបទទួលបានតាមក្រោយ ប្រឹងឱ្យអស់១០០%សិន។

បើគេផ្ដល់ឱកាសឱ្យធ្វើហើយ ត្រូវប្រឹងធ្វើឱ្យអស់ពីសមត្ថភាព១០០% ប្រឹងឱ្យអស់ពីចិត្ត កុំឱ្យស្ដាយក្រោយ ត្រូវចាំថាយើងមិនអាចត្រឡប់ទៅក្រោយវិញបាននោះទេ បើមានឱកាសត្រូវប្រឹងធ្វើឱ្យខ្លាំង។

បើធ្វើការ៨ម៉ោង អ្នកបានប្រើ៨ម៉ោងនោះ ប្រឹងឱ្យអស់ពីសមត្ថភាព អ្នកបានផលច្រើនណាស់។ កុំថាឡើយ៨ម៉ោង បើមានពេល២ម៉ោង ក៏ដោយ ឱ្យតែ២ម៉ោងនោះ អ្នកផ្ដោតធ្វើ (Focus) ធ្វើរឿងតែ១ ហើយប្រឹងធ្វើឱ្យអស់ពីសមត្ថភាព១០០% អ្នកបានលទ្ធផលច្រើនខ្លាំងណាស់។ ធ្វើពីរម៉ោងហើយអ្នកអាចសម្រាកបានយ៉ាងស្រួល ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ។ ហើយដល់ម៉ោងគិតធ្វើកិច្ចការងារ កុំគិតឱ្យវាស្មុគ ត្រូវគិតសម្រួចរកដំណោះស្រាយរកផ្លូវចេញ ហើយគិតរឿង១ ក្នុងពេលតែមួយបានហើយ។

ធ្វើជាមនុស្សត្រូវមានមហិច្ឆតាឱ្យធំ ប៉ុន្ដែត្រូវដាក់ផែនការណ៍សកម្មភាពឱ្យសមស្រប ខំប្រឹងធ្វើសកម្មភាពប៉ុណ្ណឹងអាចទៅសម្រេចមហិច្ឆតាបាន តាមការរំពឹងទុក ឬពេលវេលាកំណត់ឬអត់។ ហើយពេលធ្វើគត្រូវប្រឹងធ្វើឱ្យអស់ពីសមត្ថភាព ១០០% កុំស្ដាយទឹកចិត្ត កុំស្ដាយកម្លាំង កុំស្ដាយការប្ដេជ្ញាចិត្ត បើធ្វើរឿងទាំងអស់នេះបាន រឿងអ្វីក៏ទៅរួចដែរ។

មនុស្សគ្រប់គ្នាត្រូវមានមហិច្ឆតា ក៏ប៉ុន្ដែក៏ត្រូវមានផែនការសកម្មភាពឱ្យស្របតាមមហិច្ឆតាដូចគ្នា។ មានមហិច្ឆតា តែគ្មានសកម្មភាព នោះមហិច្ឆតា របស់អ្នកវាគ្រាន់តែជាក្ដីស្រមៃមួយប៉ុណ្ណោះ។

NAVASIRI MORM's avatar

NAVASIRI MORM

4 years experience in creating content covering Startups or SMEs Ecosystem, Digital Skills, Product Showcases, Event Promo. 3 years experience in Facebook Marketing. FB page:https://web.facebook.com/Mr.Navasiri/

Leave a Reply

YOUR NEXT STEP

ត្រៀមចូល Digital Marketing Bootcamp ហើយឬនៅ?

សួរព័ត៌មានអំពីកាលវិភាគ តម្លៃ និងរបៀបចូលរៀនតាម Telegram។

Discover more from Next-Gen Marketing

Subscribe now to keep reading and get access to the full archive.

Continue reading